អបអរសាទរពិធីសម្ពោធជាផ្លូវការគម្រោងកាត់ដេរនៃក្ដីសង្ឃឹម ដែលបានជួយដល់ស្ត្រីឥស្លាមជាង 35 នាក់ឲ្យសិក្សាជំនាញដ៏សំខាន់នេះ!

អបអរសាទរពិធីសម្ពោធជាផ្លូវការគម្រោងកាត់ដេរនៃក្ដីសង្ឃឹម ដែលបានជួយដល់ស្ត្រីឥស្លាមជាង 35 នាក់ឲ្យសិក្សាជំនាញដ៏សំខាន់នេះ!

ថ្ងៃ​ព្រហស្បតិ៍ 11 ធ្នូ 2025
by admin

នាព្រឹកថ្ងៃទី07 ខែធ្នូ ឆ្នាំ2025 លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការគម្រោងកាត់ដេរ នៃក្តីសង្ឈឹម ដែលស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គម្រោងកាត់ដេរនេះបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ស្ត្រីឥស្លាមកម្ពុជាដែលមានជីវភាពខ្វះខាត ជាពិសេសស្ត្រីមេផ្ទះ ស្ត្រីមេម៉ាយឲ្យទទួលបានជំនាញមួយច្បាស់លាស់ដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានដោយខ្លួនឯង។ក្នុងនោះ ស្ត្រីចំនួនជាង 35 នាក់កំពុងសិក្សាជំនាញនេះ ដែលមានរយៈពេល 12 ខែ ពួកគាត់នឹងសិក្សាទាំងជំនាញរឹង (Hard Skill) និងជំនាញទន់ (Soft Skill)។

គម្រោងនេះទទួលបានការឧបត្ថមគាំទ្រដោយអង្គការអន្តរជាតិ HASENE និងអភិវឌ្ឍគម្រោងដោយសមាគមន៍អភិវឌ្ឍនារីឥស្លាមកម្ពុជា (CIWODA) និងអង្គការមូលនិធិអភិវឌ្ឍន៍ឥស្លាមកម្ពុជា (CMDF)។

សមាគមន៍អភិវឌ្ឍនារីឥស្លាមកម្ពុជា ជឿជាក់យ៉ាងមុតមាំថាក្រោមគំនិតផ្ដួចផ្ដើមនេះ ស្រ្តីឥស្លាមគ្រប់រូបនឹងមានជំនាញច្បាស់លាស់អាចរកប្រាក់ចំណូលបានប្រសើរឡើង ពីព្រោះវីស័យកាត់ដេរនៅកម្ពុជារីកលូតលាស់យ៉ាងឆាប់រហ័សគួរឲ្យកោតសម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានការនាំចេញកើនឡើងរហូតដល់ដល់ 14 ពាន់លានដុល្លារនៅឆ្នាំ 2024 កន្លងទៅនេះ ដែលជួយឲ្យសេដ្ឋកិចជាតិមានភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។

Share us on: