និស្សិតខ្មែរចំនួន១២រូប ដែលទទួលបានអាហារូបករណ៍ទៅសិក្សាវគ្គខ្លី នៅប្រទេសឥណ្ឌូនេសុីបានចេញដំណើរហើយ
និស្សិតខ្មែរចំនួន១២រូប ដែលទទួលបានអាហារូបករណ៍ទៅសិក្សាវគ្គខ្លី នៅប្រទេសឥណ្ឌូនេសុីបានចេញដំណើរហើយ
ថ្ងៃអាទិត្យ 04 មិថុនា 2023
ភ្នំពេញ: នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា(CIWODA) អញ្ជើញចូលរួមជាអធិបតីផ្ដល់កិត្តិយស ក្នុងការជូនដំណើរសិស្ស-និស្សិតខ្មែរចំនួន១២ រូប ដែលបានទទួលអាហារូបករណ៍តាមរយៈ CIWODA ទៅសិក្សាវគ្គខ្លី Inbound Program នៅសាកលវិទ្យាល័យ UNIVERSITAS UNDALAS នៃប្រទេសឥណ្ឌូនេសុី ដែលត្រូវធ្វើការហោះហើរ ពីអាកាសយន្ដដ្ឋានអន្តរជាតិភ្នំពេញ។
នាឱកាសនោះ លោកជំទាវ មានប្រសាសន៍សំណេះសំណាល និងធ្វើការណែនាំផ្ដាំផ្ញើទៅកាន់សិស្ស-និស្សិតគ្រប់រូបឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងកសាងទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយសិស្ស-និស្សិតខ្មែរ និងបរទេស ក៏ដូចជារក្សាតម្លៃឥរិយាបថដ៏សំខាន់ ដែលតំណាងឱ្យនិស្សិតខ្មែរទាំងមូល ជាពិសេសនោះ គឺគោរពនូវបទបញ្ជារបស់សាកលវិទ្យាល័យឱ្យត្រឹមត្រូវអំឡុងពេលស្នាក់នៅ ប្រទេសឥណ្ឌូនេសុី។
លើសពីនេះទៅទៀត លោកជំទាវបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងនាពេលនេះ ប្អូនៗសិស្សនិស្សិត មានឱកាស និងមានភាពងាយស្រួល ក្នុងការទៅសិក្សាក្រេបជញ្ជក់យកចំណេះជំនាញ និងបទពិសោធន៍ល្អៗ ពីក្រៅប្រទេស ដើម្បីយកមកបំពេញការងារផ្សេងៗនៅកម្ពុជាវិញ។
ជាចុងក្រោយ លោកជំទាវបានជូនពរសិស្ស-និស្សិតទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពជោគជ័យក្នុងការ
សិក្សានៅប្រទេសឥណ្ឌូនេសុី ដើម្បីនាំមកវិញនូវចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិយើង និងជាធនធនមនុស្សទៅថ្ងៃអនាគត៕