សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា សហការជាមួយស្ថានទូតទួកគីប្រចាំនៅកម្ពុជា បានប្រគល់កង់ចំនួន១៥០គ្រឿងជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត

សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា សហការជាមួយស្ថានទូតទួកគីប្រចាំនៅកម្ពុជា បានប្រគល់កង់ចំនួន១៥០គ្រឿងជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត

ថ្ងៃ​ពុធ 18 តុលា 2023
by admin
(កំពង់ឆ្នាំង) នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា សហការជាមួយស្ថានទូតទួកគីប្រចាំនៅកម្ពុជា បានប្រគល់កង់ចំនួន១៥០គ្រឿងជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ដែលជាអំណោយរបស់ទីភ្នាក់ងារ សហប្រតិបត្តិការ និងសម្របសម្រួលតួកគី(TIKA) ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា, លោក Burak Sritalia តំណាងទីភ្នាក់ងារ TIKA, លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា, ឯកឧត្តម ណាសៀត អ៊ូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាល អភិបាលរង លោក លោកស្រី មន្ទីរកិច្ចការនារី សហគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ យុវជន យុវជននៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ ដែលបានរួមចំណែកប្រគល់កង់ ទាំង១៥០គ្រឿងនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យអប់រំដល់កុមារនៅតាមសហគមន៍ និងចូលរួមចំណែកកាត់បន្ថយការលំបាកដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅកាន់សាលារៀន។ លោកជំទាវបន្តថា សាធារណរដ្ឋតួកគី ក៏ដូចជា ទីភ្នាក់ងារ TIKA មានអារម្មណ៍សប្បាយរីករាយក្នុងការសហការជាមួយ CIWODA លើការអភិវឌ្ឍវិស័យអប់រំ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ជាពិសេសកុមារនៅតាមតំបន់ជនបទ ដែលមកពីគ្រួសារមានជីវភាពខ្វះខាត។
ជាមួយគ្នានោះ ឯកឧត្តម ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ និងផ្ដល់ជំនួយមនុស្សធម៌មកដល់ប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ឆ្នាំងនាពេលកន្លងមក ដូចជាជំនួយជាកញ្ចប់អាហារដល់សហគមន៍ខ្មែរឥស្លាមជាដើម។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ TIKA និងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមដៃគូអភិវឌ្ឍន៍ បានស្វែងរកជំនួយផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា និងបន្តមកដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃអណត្តិថ្មីនេះ បានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនោះ បានអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលធ្វើអោយប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការប្រតិបត្តិសាសនាដោយឥតលក្ខណ្ឌ។ តាមរយៈនូវគោលនយោបាយនេះហើយ បានធ្វើអោយសាសនិកឥស្លាមនៅទូទាំងប្រទេសកម្ពុជា ជាពិសេសសាសនិកឥស្លាមនៅក្នុងខេត្តកំពង់ឆ្នាំង បានទទួលនូវឧត្តមប្រយោជន៍ជាច្រើនផងដែរ។
សម្រាប់លើកទី០២នេះ កង់ចំនួន១៥០ គ្រឿងខាងលើ ត្រូវបានចែកជូន សិស្សានុសិស្សដែលមានជីវភាពខ្វះខាត មកពី០៧ស្រុក និង០១ក្រុង ដែលចំណាយថវិកាសរុប ចំនួន ២០,៥៥០ ដុល្លារអាមេរិក។
គួរបញ្ជាក់ជូនថា នេះជាលើកទី០២ហើយ ដែលទីភ្នាក់ងារ សហប្រតិបត្តិការ និងសម្របសម្រួលតួកគី(TIKA) ផ្ដល់ជូនកង់ចំនួន១៥០គ្រឿង តាមរយៈស្ថានទូតទួកគីប្រចាំនៅកម្ពុជា សហការជាមួយសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដែលលើកទី០១ធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕
Share us on: