សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានរៀបចំកម្មវិធីពិសារអាហារស្រាយបួសជាមួយនារីឥស្លាមកម្ពុជា លើកទី៤

សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានរៀបចំកម្មវិធីពិសារអាហារស្រាយបួសជាមួយនារីឥស្លាមកម្ពុជា លើកទី៤

ថ្ងៃ​សុក្រ 21 មីនា 2025
by admin
នារសៀលសុក្រថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានរៀបចំកម្មវិធីពិសារអាហារស្រាយបួសជាមួយនារីឥស្លាមកម្ពុជា លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាកត្តិយសពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោកជំទាវ អុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អតីតនិស្សិត និស្សិត និងសិស្សានុសិស្ស បងប្អូនស្ត្រីដែលជាសហគ្រិន ចំនួន ១០០០ នាក់។
ក្នុងឱកាសមានមតិសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញសេចក្ដីរីករាយ ដោយបានមកចូលរួមជាថ្មីម្ដងទៀតក្នុងពិធីពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌនជាមួយនារីឥស្លាមកម្ពុជាលើកទី៤ នាពេលនេះ និងបានមកនូវការផ្តាំផ្ញើ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាជនខ្មែរឥស្លាម នូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ។ សម្តេចបានបន្ថែមថា សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បរស់នៅជា មួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន។
ចំណែកលោកជំទាវ ម៉ាន ចិន្តា អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លើកឡើងថា សមាគមអភិវឌ្ឍន៍ នារីឥស្លាមកម្ពុជា (CIWODA) បានរៀបចំការជួបជុំការស្រាយបួសជុំគ្នានេះ៣ លើកមកហើយ ពោលនេះគឺជាលើកទី៤ ដែលសមាគមបានរៀបចំ ក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ជម្រុញ លើកទឹកចិត្ត និងបណ្តុះស្មារតីដល់នារីៗឥស្លាម ឱ្យមានការចូលរួមយ៉ាងសកម្ម ជាងមុនទៅទៀតក្នុងកិច្ចការងារសហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេស ទៅទៀត គឺពង្រឹងការប្រតិបត្តិកាតព្វកិច្ចការតមចំណីអាហារ«ការបួស» ដែលមាន ក្នុងច្បាប់ឥស្លាមផងដែរ។
លោកជំទាវបានបន្តថា កម្មវិធីនេះ អាចប្រព្រឹត្តិទៅដោយរលូន ដោយមានការជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា ធនធាន និងស្មារតីពីសំណាក់លោកជំទាវ ឯកឧត្តម ដែល មាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ តាមស្ថាប័នមួយចំនួន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកស្រីប្រធាន ក្រុមហ៊ុននានា សប្បុរសជនក្នុង និងក្រៅប្រទេស ជាពិសេសពីសំណាក់ លោកជំទាវ អាស៊ីយ៉ះ អាលី អូស្មានហាស្សាន់ ដែលតែងតែងផ្តល់ជាទីកន្លែង សម្រាប់រៀបចំកម្មវិធីនៅទីនេះជារៀងរាល់ឆ្នាំ និងការគាំទ្រជាស្មារតីគំនិត និង ពេលវេលារបស់បងប្អូនសមាជិកា ក្នុងការរៀបចំកម្មវិធីនេះឡើង។
សូមជម្រាបជូនថា សមាគមន៍អភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៩៩ ដែលមាន លោកជំទាវ អាស៊ីយ៉ះ អាលី អូស្មានហាស្សាន់ ជាប្រធាន។ រយៈពេលជាងពីរទស្សវត្សន៍កន្លងទៅនេះ សមាគមអភិវឌ្ឍន៍នារីឥស្លាម កម្ពុជា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍសេដ្ឋកិច្ចជួយសហគមន៍ខ្មែរឥស្លាមតាមរយៈសកម្មភាពជាច្រើន ដូចជាការចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបគ្រោះភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ ផ្តល់អណ្តូងទឹកស្អាតចែកជូនជា គោគូរបានជួយជាថវិកា ឬកញ្ចប់អាហារ ដល់បងប្អូនក្រីក្រ ចែកកង់ជូនដល់ សិស្សានុសិស្សក្រីក្រ ដើម្បីសម្រួលបន្ទុកគ្រួសារគ្រាំទ្រមូលដ្ឋាននិងជួយគ្រាំទ្រ សហគមន៍តាមរយៈ គម្រោងលើកកម្ពស់ជីវភាពសម្រាប់គ្រួសារជនបទ ដូចជា ការកែច្នៃគ្រាប់ស្វាយចន្ទី និងការចិញ្ចឹមត្រចៀកកាំ៕

Share us on: