ជួបសំណេះសំណាលជាមួយក្រុមសិស្ស-និស្សិតបេក្ខភាពអាហារូបករណ៍ នៃសាកលវិទ្យាល័យ ALBUKHARY INTERNATIONAL UNIVERSITY នៅប្រទេសម៉ាឡេស៊ី

ជួបសំណេះសំណាលជាមួយក្រុមសិស្ស-និស្សិតបេក្ខភាពអាហារូបករណ៍ នៃសាកលវិទ្យាល័យ ALBUKHARY INTERNATIONAL UNIVERSITY នៅប្រទេសម៉ាឡេស៊ី

ថ្ងៃ​អង្គារ 24 ធ្នូ 2024
by admin

រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ទី ២៣ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ លោកជំទាវ ម៉ាន ចិន្តា អនុប្រធានប្រចាំការ តំណាងលោកជំទាវ អាស៊ីយ៉ះ អាលី ប្រធានសមាគមអភិវឌ្ឍន៍នារី
ឥស្លាមកមម្ពុជា បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំជូនដល់ សិស្ស-និស្សិតបេក្ខភាពអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ ALBUKHARY INTERNATIONAL UNIVERSITY (AIU) នៃប្រទេសម៉ាឡេស៊ី សរុបចំនួន ១៧រូប ក្នុងឱកាសភាគីសាកលវិទ្យាល័យអញ្ចើញមកកម្ពុជាដើម្បីសម្ភាស សិស្សនិស្សិត ខាងលើ។

ជាកិច្ចចាប់ផ្តើម និស្សិតអាហារូបករណ៍ទាំង ១៧រូប បានណែនាំពីសមាសភាព ជំនាញ និងសាកលវិទ្យាល័យដែលខ្លួនត្រូវទៅបន្តការសិក្សា និងបានថ្លែងអំណរគុណដល់លោកជំទាវអនុប្រធានប្រចាំការនៃសមាគមអភិវឌ្ឍនារីឥស្លាមកម្ពុជា ដែលផ្តល់អនុសាសន៍ណែនាំ ដែលជាស្ពានសម្រាប់សិស្ស-និស្សិត ឈានទៅរកភាពជោគជ័យក្នុងបេសកកម្មសិក្សានាពេលខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ អនុប្រធានសមាគម បាននាំនូវការផ្តាំផ្ញើយកចិត្តទុកដាក់ និងសួរសុខទុក្ខរបស់លោកជំទាវប្រធានសមាគម និងបានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការរៀនសូត្រ និងរស់នៅបរទេស ជាពិសេសនៅប្រទេសម៉ាឡេស៊ី ដែលលោកជំទាវផ្ទាល់ ក៏ដូចជារៀមច្បងជំនាន់មុនៗ ដូចជាការថែទាំសុខភាពឱ្យបានល្អ ការទំនាក់ទំនងប្រចាំថ្ងៃ ការត្រៀមខ្លួន និងសម្របខ្លួនទៅនឹងវប្បធម៌បរទេសតែក៏មិនត្រូវភ្លេចវប្បធម៌ជាតិដែរ ជាពិសេសត្រូវរក្សាឱ្យបាននូវសីលធម៌ សុជីវធម៌ក្នុងនាមជាពលរដ្ឋកម្ពុជា និងសូមឱ្យក្មួយៗទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងក្រើនរំលឹកឱ្យនិស្សិតយកចិត្តទុកថែរក្សាសុខភាព មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ប្រកាន់ភ្ជាប់នូវវិន័យ សីលធម៍ សុជីវធម៌ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន មានភាពក្លាហានហ៊ាន ត្រូវមានរបៀបរៀនសូត្រឱ្យបានត្រឹមត្រូវ ពង្រឹងសមត្ថភាពក្នុងការសរសេរឱ្យខ្លាំង មានភាពអត់ធ្មត់ក្នុងការរស់នៅ យកចិត្តទុកដាក់លើរបបអាហារ ចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាប្រកបដោយភាពឆ្លាតវៃ។

ជាថ្មីម្តងទៀត លោកជំទាវអនុប្រធាន ជូនពរដល់សិស្ស-និស្សិតទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ ក៏ដូចជាលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ៕

Share us on: